ភ្នំពេញ៖ កម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធា (ក.២) កងពលតូចអន្តរាគមន៍លេខ៨ បានបំបែកសំណុំរឿងករណីឃាតកម្ម យកសពទៅកប់នៅក្រោយផ្ទះជាច្រើនថ្ងៃ ជនសង្ស័យជាប្តី ត្រូវបានឃាត់ខ្លួន។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តព្រះ វិហារ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័យជាប្តី ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៉ិន ស៉ឹម អាយុ៥២ឆ្នាំ មុខរបរយោធា បម្រើនៅអង្គភាព វរអន្តរាគមន៍ លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ឱ សេង អធិការស្រុកជាំក្សាន្ដ បានឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យ ជាប្តីសម្លាប់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០មកម្ល៉េះ ហើយបានយកទៅកប់ក្រោយផ្ទះ នៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបំបិទភស្តុតាង ហើយការបែកធ្លាយរឿង បាត់ស្ត្រីជនរងគ្រោះនេះ គឺដោយសារកូនទូរស័ព្ទអត់ចូល ហើយក៏ទូរស័ព្ទសួរ ជនសង្ស័យជាឪពុក តែជនសង្ស័យឆ្លើយបែប អត់ដឹងរឿងថា មិនដឹងទៅណាទេបាត់ខ្លួន២-៣ថ្ងៃហើយ។ បន្ទាប់ពីព័ត៌មាន នៃការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុ លោកមេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ។
លោក ឱ សេង បានបញ្ជាក់ថា ក្រោមការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានចុះស្រាវជ្រាវ ដល់ផ្ទះជនរងគ្រោះ រហូតកំណត់មុខសញ្ញា ជនសង្ស័យជាប្តី និងឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែង ដែលខ្លួនយកប្រពន្ធទៅកប់ចោល។
ជនសង្ស័យជាប្តី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន គឺសម្លាប់ដោយបោកក្បាលនឹងឥដ្ឋការ៉ូ ដោយសារខឹងប្រពន្ធរកកាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកជំាក្សាន្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕